ឃ្លាំងតម្កល់បណ្ណសាររបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធ នឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា តម្កល់នូវរាល់សំណុំឯក សារនានា ដែលពាក់ព័ន្ធជាមួយសាលាក្តីខ្មែរក្រហមដែលសំណុំឯកសារ ទាំងនេះរួមមាន ឯកសារប្រភេទបោះពុម្ពជាក្រដាស (Hard Copy) ឯកសារក្នុងទម្រង់អេឡិចត្រូនិក (Soft Copy) និងមានជា ឌីសស៊ីឌី វីស៊ីឌីជាដើម ជាកេរដំណែលបានមកពីសាលាក្តីខ្មែរក្រហម ដែលបាននិងកំពុងកាត់ទោសមេដឹកនាំខ្មែរក្រហមក្នុងសំណុំ រឿង០០១, ០០២, ០០៣ និង ០០៤។ បច្ចុប្បន្ន ម.ត.ឯ.ច. បានទទួលតម្កល់នូវ សំណុំរឿង០០១ ដែលបានបញ្ចប់សាលដីកាស្ថាពរ របស់អង្គជំនុំជម្រះ តុលាការកំពូលប្រកាសនៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១២ លើសំណុំ រឿង កាំង ហ្គេកអ៊ាវ ហៅឌុច ដែលមានតួនាទីទទួលខុសត្រូវក្នុង មន្ទីរឃុំឃាំងស២១ ដែលជនរងគ្រោះត្រូវបានបាត់បង់ជីវិតជាង ១៥០០០ នាក់នៅទីនេះ។ សំណុំរឿង០០១ នេះត្រូវបានប្រគល់សម្រាប់ធ្វើការផ្សព្វផ្សាយជាសាធារណៈមានចំនួន៧០២៦ សំណុំ។