ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមកនេះ លោកសៀង សុភ័ក្ត្រ អនុប្រធានមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក. រួមជាមួយមន្ត្រីរាជការមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមុខងារសាធារណៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងកិច្ចការនារី សរុបចំនួន៣៩រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅសាធារណរដ្ឋឥណ្ឌា។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំនិងសម្របសម្រួលដោយមជ្ឈមណ្ឌលជាតិសម្រាប់អភិបាលកិច្ចល្អ (NCGG) ដែលមានមូលដ្ឋាននៅទីក្រុង Mussorie ប្រទេសឥណ្ឌា និងធ្វើឡើងក្នុងបំណងសំដៅពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងគោលនយោបាយសាធារណៈនិងអភិបាលកិច្ចល្អ ក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិទ្យាតាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ គ្រូឧទ្ទេសជំនាញៗ និងការចែករំលែកបទពិសោធក្នុងការដឹកនាំនិងគ្រប់គ្រងស្ថាប័ន ជាពិសេសភាពជោគជ័យ និងឈានមុខក្នុងវិស័យឌីជីថលរបស់រដ្ឋាភិបាលឥណ្ឌា។
តាមរយៈអនុស្សរណៈនៃការយោគយល់ ស្តីពីការអភិវឌ្ឍធនធានមនុស្ស ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ រវាងក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបុគ្គលិក បណ្តឹង និងសោធននិវត្តន៍នៃសាធារណរដ្ឋឥណ្ឌា រដ្ឋាភិបាលឥណ្ឌាបានរៀបចំ និងផ្តល់ការគាំទ្រទាំងស្រុងលើវគ្គបណ្តុះបណ្តាលដល់មន្រ្តីរាជការកម្ពុជាចំនួន១០០០រូប ដោយបែងចេកជា២៥វគ្គ។ សូមបញ្ជាក់ថានេះជាវគ្គបណ្តុះបណ្តាលលើកទី៩ ក្រោមកម្មវិធី ITEC (Indian Technical and Economic Cooperation)៕
បទបង្ហាញពី ម.ត.ឯ.ច.
សកម្មភាពការងាររបស់ ម.ត.ឯ.ច.(LDC)
អំពី ម.ត.ឯ.ច.